Cam Bank News

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការជាមួយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ ដើម្បីការពារអតិថិជន និងពង្រឹងប្រតិបត្តិការផ្តល់ប្រាក់កម្ចី

ភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥៖ ចាប់តាំងពីឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា (NBC) និងអង្គការសហប្រជាជាតិ (UN) បានដឹកនាំការពិគ្រោះយោបល់ដ៏សំខាន់មួយ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា​ ដូចជាបញ្ហាបំណុលច្រើនលើសលុប ហានិភ័យហិរញ្ញវត្ថុពាក់ព័ន្ធនឹងដីធ្លី និងកិច្ចការពារអតិថិជន។ បច្ចុប្បន្នគំនិតផ្តួចផ្តើមនេះ គឺស្ថិតក្នុងដំណាក់កាល ដែលកំពុងអនុវត្តយ៉ាងសកម្ម ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាង ១០០ស្ថាប័ន មកពីផ្នែករាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងប្រតិបត្តិការផ្តល់ប្រាក់កម្ចី និងធានា នូវនិរន្តរភាពយូរអង្វែងរបស់វិស័យ។

ក្នុងនាមជាភាគីដ៏សំខាន់មួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ប្តេជ្ញាសហការជាមួយដៃគូជាតិនិងអន្តរជាតិ ដើម្បីគាំពារប្រជាពលរដ្ឋងាយរងគ្រោះ និងរក្សាឲ្យបាននូវតួនាទីដ៏សំខាន់នៃវិស័យមីក្រូហិរញ្ញវត្ថុក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា៖ «សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាប្តេជ្ញាធ្វើការជិតស្និតជាមួយដៃគូរបស់យើងដើម្បីធានាឲ្យបានថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នឹងនៅតែបន្តផ្តល់សេវាដល់ពលរដ្ឋដែលមានតម្រូវការ។ យើងបានដឹងនូវបញ្ហាប្រឈមដែលអ្នកខ្ចីប្រាក់កំពុងជួបប្រទះ ហើយយើងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីកែលម្អ ប្រតិបត្តិការផ្តល់ឥណទាន និងពង្រឹងកិច្ចគាំពារអតិថិជន។ កិច្ចខិតខំប្រឹងប្រែងរបស់យើង មានគោលបំណងលើកកម្ពស់អតិថិជនឲ្យអាចមានលទ្ធភាពធ្វើការសម្រេចចិត្តប្រកបដោយការទទួលបានព័ត៌មានច្បាស់លាស់ និងការការពារសិទ្ធិរបស់ពួកគាត់»។

លោកជំទាវបានបន្ថែមថា តាមរយៈកិច្ចសហការជាមួយដៃគូ យើងកំពុងប្រឹងប្រែងកសាងវិស័ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងផ្តល់ឱកាសជូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតនៅកម្ពុជា។ គោលដៅរបស់យើង គឺផ្តល់ជូនអតិថិជននូវសេវា និងផលិតផលហិរញ្ញវត្ថុផ្លូវការដែលមានភាពចាំបាច់តាមតម្រូវការ ដើម្បីពួកគាត់ទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុ និងការពារពួកគាត់ពីហានិភ័យហិរញ្ញវត្ថុ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺសមាគមវិជ្ជាជីវៈមិនស្វែងរកប្រាក់ចំណេញ ដែលធ្វើការងារលើការលើកកម្ពស់ការអនុវត្តមីក្រូហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាពនៅកម្ពុជា។ តាមរយៈកិច្ចសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ សមាគមខិតខំការពារសិទ្ធិអតិថិជន និងជំរុញឲ្យមានបរិយាបន្នក្នុងវិស័យហិរញ្ញវត្ថុ ដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍នៅទូទាំងប្រទេស៕

Related Articles