Cam Bank News

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង ក្រុមហ៊ុន Morakot Technology ចាប់ដៃដោះស្រាយការទូទាំត់ឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង ក្រុមហ៊ុន Morakot Technology បានចុះហត្ថលេខាភាពជាដៃគូអាជីវកម្មតាមរយៈការចុះអនុស្សារណៈយោគយល់គ្នា នៅការិយាល័យកណ្តាលរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងគោលបំណងសម្រួលដល់ដំណោះស្រាយទូទាត់ឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) តាមរយៈការរួមបញ្ចូលកម្មវិធី Software Application នៃភាគីទាំងពីរ។

ភាពជាដៃគូនេះត្រូវបានធ្វើឡើង ដើម្បីផ្តល់នូវបទពិសោធន៍ទូទាត់តាមប្រព័ន្ធឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដែលសមស្របតាមតម្រូវការដែលកំពុងកើនឡើងរបស់សហគ្រាសធុនតូច និងមធ្យម។ តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនទាំងពីរនឹងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីចែករំលែកធនធានបច្ចេកទេស និងជំនាញគ្នាទៅវិញទៅមក។ Morakot Technology នឹងផ្តល់ជំនួយផ្នែកព័ត៌មាន ដើម្បីសម្រួលការដាក់បញ្ចូលកម្មវិធីរបស់ខ្លួនជាមួយប្រព័ន្ធរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ខណៈដែលធនាគារ នឹងផ្តល់ជូននូវជំនួយផ្នែកបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាក្នុងដំណើរការតភ្ជាប់។ ភាគីទាំងពីរនឹងសម្របសម្រួលជូនអតិថិជនរបស់ខ្លួន ដើម្បីធានាឱ្យបាននូវដំណើរការដាក់បញ្ចូលប្រព័ន្ធទូទាត់ប្រកបដោយភាពរលូន។

ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីវត្តមានលោក ឃួន សុភ័ទ្ធ នាយកប្រតិបត្តិ នៃក្រុមហ៊ុន Morakot Technology លោក Akihiko Kisaka នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងថ្នា្កក់ដឹកនាំរបស់ក្រុមហ៊ុនទាំងពីរផងដែរ៕

Related Articles