Cam Bank News

​លោក​ជំទាវ ជា សិរី ៖ អត្រាការ​ប្រើប្រាស់​ប្រាក់​រៀលតាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និកក្នុង​ឆ្នាំ ​២០២៣ កើនឡើង​ខ្ពស់

ភ្នំពេញ ​៖ ការ​ប្រើប្រាស់​ប្រាក់​រៀល​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក បាន​កើនឡើង​ក្នុង​អត្រា​មួយ​ខ្ពស់ ដោយ​ក្នុង​ឆ្នាំ ​២០២៣ ប្រតិបត្តិការ​ទូទាត់​បាន​កើនឡើង ​៤៤​ ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០២២ និង​ខ្ពស់​ជាង​កំណើន​នៃ​ប្រ​តិប​ត្តិកា​រ​ទូទាត់​អេ​ឡិច​ត្រូ​និក​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ដែល​កើន​ក្នុង​អត្រា ៣,១​ ភាគរយ​ ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី ​«​ខួប​លើក​ទី ​៤៤ នៃ​ការ​ដាក់​ឱ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ ក្រោម​ប្រធានបទ​៖ ដំណើរ​ឆ្ពោះទៅ​មុខ​នៃ​ប្រាក់​រៀល និង​ប្រព័ន្ធ​បាគង​» នៅ​ថ្ងៃ​ទី ​២០ ខែមីនា ឆ្នាំ​ ២០២៤​ ។

លោក​ជំទាវ បាន​បញ្ជាក់​ថា ក្នុង​ទិស​ដៅ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល ធនាគារជាតិ​នៃ​កម្ពុជា បាន​ខិតខំ​សម្រួលការ​ប្រើប្រាស់​ប្រាក់​រៀល​ឱ្យ​មាន​ភាព​ងាយស្រួល​ជា​បន្តបន្ទាប់ ​។ ក្នុង​ចំណោម​វិធានការ​នានា ប្រព័ន្ធ​ទូទាត់​អេ​ឡិច​ត្រូ​និក ជា​ពិសេស​ប្រព័ន្ធ​បាគង បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​សម្រួល​ដល់​ការ​ទូទាត់​ប្រាក់​រៀល​ឱ្យ​កាន់តែ​មាន​ភាព​ទាន់សម័យ ឆាប់រហ័ស និង​ចំណាយ​តិច​ ។ លើស​ពី​នេះ ក៏​បាន​ជំរុញ​កា​រត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេស​ជិតខាង និង​ក្នុង​តំបន់ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មាន​គណនី​ជា​ប្រាក់​រៀល​អាច​ទូទាត់​តាម​ប្រព័ន្ធ​យ្យូ​អរ​កូដ ​(QR code) បាន​ងាយស្រួល​នៅ​ក្នុង​ប្រទេស​ទាំងនោះ​ ។ កា​រត​ភ្ជាប់​នេះ ក៏​បាន​អនុញ្ញាត​ឱ្យ​ទេសចរ​បរទេស​អាច​ទូទាត់​តាម​រយៈ​ QR code នៅ​តាម​ហាង​ទំនិញ​នានា​នៅ​កម្ពុជា ដែល​ហាង​ទាំងនោះ​នឹង​ទទួល​បានការ​ទូទាត់​នេះ​ជា​ប្រាក់​រៀល​ ។

លោក​ជំទាវ ជា សិរី បានឱ្យ​ដឹង​ថា បច្ចុប្បន្ន កម្ពុជា​បាន​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេស​ថៃ វៀតណាម និង​ឡាវ ព្រមទាំង​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​អន្តរជាតិ​មួយ​ចំនួន ជាមួយនឹង​ផែនការ​ត​ភ្ជាប់​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​ដូច​ជា ចិន និង​ឥណ្ឌា ជាដើម ​។ លោក​ជំទាវ បាន​ថ្លែង​ថា ការ​ប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​ច្រើន នឹង​ជួយ​ពង្រឹង​អធិបតេយ្យ​ជាតិ និង​ការ​កសាង​សង្គម​ជាតិ​ឱ្យ​កាន់តែ​រីក​ចម្រើន និង​ប្រកបដោយ​និរន្តរភាព ​។

លោក​ជំទាវ​អំពាវនាវ ដល់​ក្រសួង​ស្ថាប័ន គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន​-​សហគ្រាស ម្ចាស់​អាជីវកម្ម ប្រជាពលរដ្ឋ​ទូទៅ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​រួមចំណែក​ប្រើប្រាស់​ប្រាក់​រៀល នៅ​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​ឱ្យ​កាន់តែ​ច្រើន​ឡើង ដូច​ជាតា​មរយៈ​ការ​ទូទាត់ ការ​បិទ​ស្លាក​តម្លៃ​ទំនិញ​និង​សេវា​នានា ការ​ផ្តល់​ឥណទាន និង​ការ​សន្សំ​ជា​ប្រាក់​រៀល ព្រមទាំង​ផ្តល់​លក្ខខណ្ឌ​អនុគ្រោះ​ឱ្យ​បាន​ច្រើន​ចំពោះ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ ៕

Related Articles