Cam Bank News

សារមន្ទីរ ស.ស.រនិង​សមាគមធនាគារនៅកម្ពុជា​ចុះអនុស្សរណៈនៃ​ការ​យោគ​យល់គ្នា​

ភ្នំពេញ ៖ ជា​ជំហានឆ្ពោះទៅមុខដ៏ចម្បងមួយសម្រាប់ការអប់រំផ្នែក​ហិរញ្ញវត្ថុនៅកម្ពុជា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជាហៅកាត់ថា​ ស.ស.រ និងសមាគមធនាគារនៅកម្ពុជា (ABC) បានរួមគ្នានៅក្នុងកិច្ចសហការប្រកប​ដោយ​អត្ថន័យ ។

យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​សមាគម​ធនាគារ​នៅកម្ពុជា​បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានចុះហត្ថលេខា​ជាផ្លូវការនៅថ្ងៃនេះ នៅ​សារមន្ទីរ ស.ស.រ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់​របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយ​បង្ហាញ​ពីសករាជថ្មីនៃកិច្ច​សហប្រតិបត្តិការ​ ក្នុងគោលបំណង​ផ្តល់​អត្ថប្រ​យោជ​ន៍​​ដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋ​។​ គំនិត​ផ្តួចផ្តើម​ត្រួសត្រាយផ្លូវនេះ នាំទៅរកការលើក​កម្ពស់លើការឈ្វេងយល់ផ្នែកប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា និងបទពិសោធន៍​ផ្នែកអប់រំរបស់យុវជនខ្មែរ តាមរយៈការរួមបញ្ចូល​ការបង្ហាញវប្បធម៌ជាមួយនឹងចំណេះដឹង​ជាក់ស្តែង។ អនុស្សរណៈនៃការយោគយល់​គ្នានេះ គូសបញ្ជាក់​ពីការប្តេជ្ញាចិត្តរបស់​វិស័យ​ធនាគារកម្ពុជា​ចំពោះទំនួលខុសត្រូវសាជីវកម្ម និងសង្គម ជាពិសេស​បង្កើត​បរិយាកាស​ហិរញ្ញវត្ថុ​ប្រកប​ដោយ​និរន្តរភាព និងបរិយាបន្នតាមរយៈការអប់រំ។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ គំនិតផ្តួចផ្តើម​សំខាន់ៗជាច្រើនត្រូវ​បានគូស​បញ្ជាក់​៖

១. មូលនិធិរួមសម្រាប់ដំណើរទស្សនកិច្ចសិក្សា៖ សមាគមធនាគារនៅក​ម្ពុជានឹង​អំពាវនាវឱ្យ​សមាជិក​របស់ខ្លួន ផ្ដល់មូលនិធិ​ដើម្បីគាំទ្រការទៅទស្សនកិច្ចសារមន្ទីរ ស.ស.រ ដោយផ្តល់ឱកាស​សិក្សាបន្ថែមដល់សិស្សានុសិស្សនៅ​តាមគ្រឹះស្ថានអប់រំរដ្ឋនៅទូទាំង​ប្រទេស​។

២. ទស្សនកិច្ចពីរដងក្នុងមួយឆ្នាំ៖ កិច្ចព្រមព្រៀងរួមមានការរៀបចំ និងការផ្តល់ហិរញ្ញបទានដោយសមាគមធនាគារ​នៅកម្ពុជា​ផ្ទាល់ សម្រាប់​ដំណើរទ​ស្សនកិច្ច​ពីរ​ដង​ទៅ​កាន់​សារ​មន្ទីរ​ ស.ស.រ សម្រាប់​សិស្សានុសិស្ស​នៅតាមគ្រឹះស្ថានអប់រំរដ្ឋក្នុងឆ្នាំ២០២៤ ដោយផ្តល់ឱកាសពិសេសមួយ សម្រាប់ការរៀន​ដោយផ្ទាល់​អំពីប្រវត្តិរូបិយវត្ថុរបស់កម្ពុជា និង​គោល​ការណ៍ហិរញ្ញវត្ថុ។

៣. ការលើកកម្ពស់ទំនួលខុស​ត្រូវសង្គមរបស់សាជីវកម្មក្នុងវិស័យធនាគារកម្ពុជា៖ ភាពជាដៃគូនេះ ក៏នឹងផ្តោត​លើការផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែង ផ្នែកទំនួលខុសត្រូវសង្គម​របស់សា​ជីវកម្មក្នុង​វិស័យ​ធនាគារកម្ពុជា ជាពិសេសតួនាទីរបស់វិស័យធនាគារក្នុងការលើក​កម្ពស់ចំណេះ​ដឹង​ផ្នែកហិរញ្ញវត្ថុ។

លោក​ Raymond Sia ប្រធាន​សមាគម​ធនាគារ​នៅកម្ពុជាបាន​ឱ្យដឹងថា តាមរយៈគំនិតផ្តួចផ្តើមនេះ យើងសម្របកិច្ចខិតខំប្រឹងប្រែង ឱ្យស្របតាមគោលការណ៍​ហិរញ្ញវត្ថុ​ប្រកប​ដោ​យ​និរន្តរភាព​របស់កម្ពុជានៃសមាគមធនាគារនៅកម្ពុជា ដោយបង្ហាញពី​តួនាទីរបស់វិស័យ​ធនាគារ​ក្នុងការ​កសាងសមត្ថភាព និងលើកកម្ពស់​ការយល់ដឹងសម្រាប់អនាគត​ប្រកប​ដោយ​និរន្តរ​ភាព និងបរិយាបន្ន។ យើងជឿជាក់ថា ការអប់រំបង្កើនចំណេះដឹង ហើយកិច្ចស​ហការនេះ គឺជាការវិនិយោគផ្ទាល់លើស្ថិរភាព ភាពរឹងមាំ និងភាពធន់​ផ្នែក​ហិរញ្ញ​វត្ថុនា​ពេល​អនាគតនៃវិស័យធនាគារ ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ។

លោក ប្លែស​ គីលីយ៉ង់ សហ​ប្រធាន​នៃសារមន្ទីរ សេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជា បាន​បញ្ជាក់ថា​ កិច្ចសហប្រតិបត្តិការ​ដ៏សំខាន់នេះ នឹង​ផ្តល់​ឱកាស​ដល់​គ្រឹះស្ថានអប់រំរដ្ឋនាំសិស្សានុសិស្ស​រាប់ពាន់នាក់មកកាន់សារមន្ទីរ ស.ស.រ នៅក្នុងឆ្នាំខាងមុខនេះ ។

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបាន​មានប្រសាសន៍ថា “ការយល់ដឹងពីប្រវត្តិសាស្រ្តទូទៅ ជាពិសេស ប្រវត្តិសាស្រ្តផ្នែកសេដ្ឋកិច្ច និងរូបិយវត្ថុ គឺ​ពិត​ជា​ចាំបាច់សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីស្វែងយល់ពីអតីតកាល និងដើម្បីផ្តល់​ជាមូល​ដ្ឋា​ន​គ្រឹះក្នុង​ការ​សម្រេច​ចិត្ត​ស​ម្រាប់​ពេល​បច្ចុប្បន្ន​ដែល​នឹង​កំណត់​អនាគត​របស់​យើង ។ ក្នុង​ន័យនេះ វាជាកត្តាសំខាន់ដែលមនុស្សគ្រប់រូប គួរទទួលចំណេះដឹងតាមរយៈការអប់រំ និងវប្បធម៌ ទាំងនៅក្នុងនិងក្រៅសាលា។”

អនុស្សរណៈនៃការយោគយល់គ្នា​នេះមានប្រសិទ្ធភាពអនុវត្តភ្លាមៗ ហើយនឹងនៅមាន​សុពលភាព​រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយអាចមានការបន្ត។ កិច្ចសហ​ការ​នេះគឺ​ជា​សក្ខីភាព​មួយបង្ហាញពីអំណាច​នៃភាពជាដៃគូ ក្នុងការជំរុញកំណើនប្រកបដោយបរិយាបន្ន និងការប្តេជ្ញា​ចិត្តរបស់អង្គភាព​ទាំងពីរចំពោះអនាគតយុវជនខ្មែរ ៕

Related Articles