ភ្នំពេញ៖ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រៀបដូចជាកូនសោមួយ ដែលបងប្អូនអាចចាក់ដើម្បីបើកទ្វារទៅកាន់ សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ ដោយអាចចៀសវាងការទៅចងការ ឬទៅខ្ចីបុលក្រៅផ្លូវការដែលមានអត្រាការប្រាក់ខ្ពស់។នេះបើតាមការថ្លែងរបស់សម្ដេចមហារបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ«ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤។


សម្តេចនាយករដ្ឋ្រី បានថ្លែងបញ្ជាក់ថា៖«មិនត្រឹមតែ ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ សេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ តែប៉ុណ្ណោះទេ បងប្អូនក៏អាចបើកគណនីសន្សំ និងគណនីអាជីវកម្ម (Merchant Account – គណនីដាក់ឈ្មោះហាង) ពីគ្រឹះស្ថានហិរញ្ញវត្ថុដែលធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំរួចហើយ កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៤»។
សម្ដេចធិបតី បានពន្យល់ថា ៖«បងប្អូនជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធកុំមានអារម្មណ៍ស្ទាក់ស្ទើរ ក្នុងការចុះឈ្មោះ ដោយខ្លាចជាប់កាតព្វកិច្ច ឬការចំណាយផ្សេងៗតទៅទៀត ព្រោះថានៅពេលបងប្អូនដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចុះឈ្មោះហើយនឹងទទួលបានផលប្រយោជន៍ជាច្រើន»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថាក្រោយចុះឈ្មោះ និងទទួលការអនុម័តនៅលើថ្នាលឌីជីថលនេះហើយ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់តួនាទី និងការរួមចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ។ វិញ្ញាបនបត្រនេះបញ្ជាក់អត្តសញ្ញាណ សម្រាប់មុខរបរ អាជីវកម្ម និងការងាររបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការទទួលស្គាល់ពីគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអាចយកទៅប្រើប្រាស់ជាផ្លូវការបានជាមួយវិស័យឯកជនផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការចុះឈ្មោះនឹងផ្តល់លទ្ធភាពឱ្យបងប្អូនបង្កើនសមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការពង្រឹងជំនាញដែលមានស្រាប់ និងការចាប់យកជំនាញថ្មី (Upskill and Reskill)។ ជាមួយនឹងការគាំទ្រនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងមានសមត្ថភាព និងឱកាសកាន់តែប្រសើរក្នុងការពង្រីកអាជីវកម្ម បង្កើនប្រាក់ចំណូល និងបង្កើតការងារ សម្រាប់ទាំងខ្លួនឯងផង និងអ្នកដទៃផង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នេះត្រូវបានចាត់ទុកថា ជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ហើយសម្តេចធិបតី ក៏អំពាវនាវនិងលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះទាំងអស់គ្នា ដើម្បីចាប់យកអត្ថប្រយោជន៍ផ្សេងៗ សំដៅធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព ព្រមទាំងចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»៕





