Cam Bank News

មានលុយរហែកចង់ប្តូរយកថ្មី ទៅដូរនៅទីនេះ មិនគិតថ្លៃសេវាសូម្បីមួយសេន

សាធារណជនមួយចំនួនដឹងរួចមកហើយ តែនៅមានខ្លះទៀតមិនទាន់បានជ្រាបច្បាស់ អំពីករណីផ្លាស់ប្តូររូបិយប័ណ្ណប្រាក់រៀលដែលរហែក ឬទក់ ដោយចង់បានក្រដាសប្រាក់ថ្មីមកកាន់ក្នុងដៃ តែមិនដឹងថាគួរផ្លាស់ប្តូរនៅទីណា ណាមួយបើប្តូរនៅតាមកន្លែងដូរប្រាក់តាមទីផ្សារក៏អាចត្រូវអស់ថ្លៃសេវាកាត់ទឹកតាមនោះដែរ។

បើតាមធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា លោកអ្នកអាចប្តូរប្រាក់រៀល ឬកាសនៅធនាគារជាតិនៃកម្ពុជាបាន ។ ធនាគារជាតិនៃកម្ពុជា នឹងធ្វើការផ្លាស់ប្តូរជូនលោកអ្នកដោយមិនគិតកម្រៃសេវា នូវក្រដាសប្រាក់រៀលដែលចាស់ឬរហែក ឬអ្នកអាចប្តូរពីក្រដាស ប្រាក់ ដែលមានចំនួនទឹកប្រាក់ធំទៅជាក្រដាសប្រាក់ដែលមានចំនួនទឹកប្រាក់តូចជាងមុន ឬពីតូចទៅធំ ទៅតាមតម្រូវការរបស់អ្នក ។

ដោយឡែក ធនាគារជាតិនៃកម្ពុជា ក៏អាចធ្វើការបដិសេធ មិនប្តូរជូនអ្នកចំពោះក្រដាសប្រាក់ណាដែលក្លែងក្លាយ ខូចរូបរាង ធ្លុះធ្លាយ ឬបាត់បង់ផ្ទៃក្រដាសច្រើនជាង៣០% ផងដែរ។ ក្រដាសប្រាក់បែបនេះ នឹងត្រូវធ្វើការដកហូត និងបំផ្លាញចោលដោយគ្មានសំណងឲ្យទៅម្ចាស់ក្រដាសប្រាក់វិញឡើយ លើកលែងតែក្នុងករណីពិសេសមួយចំនួន ដែលធនាគារជាតិនៃកម្ពុជាអាចនឹងផ្តល់សំណងទាំងអស់ ឬខ្លះៗដល់ម្ចាស់ដើមវិញ ។

គួរបញ្ជាក់ដែរថា អ្នកមិនអាចសុំប្តូរពីរូបិយប័ណ្ណបរទេសមកជារូបិយវត្ថុជាតិ ឬ សុំប្តូរបញ្រ្ចាសមកវិញ នៅធនាគារជាតិនៃកម្ពុជាបានទេ៕

Related Articles