សមាគមធំៗពីរគឺ សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរៀបចំបង្កើតព្រឹត្តិការណ៍បរិច្ចាគឈាមក្រោមប្រធានបទ “បរិច្ចាគឈាម សង្គ្រោះជីវិត” ក្នុងគោលបំណងកៀរគរការបរិច្ចាគឈាមពីវិស័យឯកជន ជាពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុ ជាមួយនឹងការបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់នៃការបរិចាគឈាមដល់សាធារណៈជន។

ព្រឹត្តិការណ៍បរិច្ចាគឈាមក្រោមប្រធានបទ “បរិច្ចាគឈាម សង្គ្រោះជីវិត” នេះនឹងធ្វើឡើងនាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ដោយរៀបចំចាប់ពីវេលាម៉ោង ០៨:០០ ព្រឹក ដល់ ០៤:៣០ រសៀលនៅទីតាំងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។
យោងតាមរបាយការណ៍របស់មូលនិធិសុខភាពផ្លូវចិត្ត បានឲ្យដឹងថា ការបរិច្ចាគឈាមផ្តល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយ និងអារម្មណ៍របស់អ្នកយ៉ាងច្រើន តួយ៉ាងកាត់បន្ថយភាពតានតឹង ធ្វើឱ្យប្រសើរឡើងសុខុមាលភាពអារម្មណ៍របស់អ្នក ថយចុះហានិភ័យនៃជំងឺបេះដូង កាត់បន្ថយការប្រឈមមុខនិងជម្ងឺមហារីក (ថ្លើម ពោះវៀន សួត បំពង់អាហារ ក្រពះ) ហើយកាន់តែពិសេសនោះគឺការពិនិត្យសុខភាពដោយឥតគិតថ្លៃ ក៏ព្រោះតែដើម្បីឈានដល់ដំណាក់កាលផ្តល់ឈាម អ្នកត្រូវទទួលការពិនិត្យសុខភាព ដោយពេទ្យជំនាញនឹងពិនិត្យមើលទៅលើ ជីពចរ សម្ពាធឈាម សីតុណ្ហភាពរាងកាយ កម្រិតអម៉ូក្លូប៊ីន និងប្រភេទឈាមជាដើម ក្នុងនោះផងដែរយើងក៏អាចដឹងបានថា ខ្លួនកំពុងប្រឈមនឹងស្ថានភាពសុខភាព ឬកត្តាហានិភ័យជំងឺយ៉ាងដូចម្តេចខ្លះ ក៏ព្រោះតែឈាមរបស់អ្នកត្រូវពិនិត្យរកមើលជំងឺមួយចំនួនដូចជា ជំងឺរលាកថ្លើមប្រភេទ B,C អេដស៍ មេរោគ West Nile រោគស្វាយ និង Trypanosoma cruzi ផងដែរ៕
ចូលរួមបរិច្ចាគឈាមទាំងអស់គ្នាដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺ!