នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ផែនការអភិវឌ្ឍន៍ស្ថាប័នបច្ចុប្បន្នកម្មសម្រាប់រយៈពេល១០ឆ្នាំ បូកសរុបការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារប្រចាំឆ្នាំ២០២៥ នៅសណ្ឋាគារ សុខា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម ជូ វណ្ណៈ អគ្គនាយក នៃ ន.អ.ប. ដែលមានការចូលរួមដោយលោកស្រី អគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីជំនាញនៃ ន.អ.ប.។

នៅក្នុងសិក្ខាសាលានេះ បានបង្ហាញអំពី ចក្ខុវិស័យ គោលបំណង បេសកកម្ម ផែនការសកម្មភាព សូចនាករសមិទ្ធកម្មគន្លឹះ និងយន្តការអនុវត្ត ត្រួតពិនិត្យ តាមដាន និងវាយតម្លៃនៃផែនការអភិវឌ្ឍន៍ស្ថាប័ន្ធរយៈពេល ១០ឆ្នាំ ។ ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញពីគ្រប់នាយកដ្ឋាននៃ ន.អ.ប. បង្ហាញអំពីសមិទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារប្រចាំឆ្នាំ២០២៥ ព្រមទាំងមានការពិភាក្សាយ៉ាងផុសផុលក្នុងកម្រិតថ្នាក់ដឹកនាំ និងមន្ត្រីរបស់ ន.អ.ប. លើការងារមួយចំនួនដែលបានអនុវត្តកន្លងមក និងលើកឡើងនូវដំណោះស្រាយមួយចំនួន ក្នុងការអនុវត្តការងារនៅឆ្នាំបន្ទាប់ឱ្យកាន់តែប្រសើរ។

ឯកឧត្តម ជូ វណ្ណៈ បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តី របស់ ន.អ.ប. គ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែង និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តការងាររបស់ខ្លួនរហូតសម្រេចបាននូវលទ្ធផលផ្លែផ្កាជាច្រើន ដែលគួរឱ្យកត់សំគាល់ និងជាទីមោទនភាព។ ឯកឧត្តមអគ្គនាយក ក៏បានណែនាំឱ្យមន្រ្តីជំនាញបន្តពង្រឹង អភិវឌ្ឍសមត្ថភាព និងបណ្តុះស្មារតីយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តការងារតាមតួនាទី និងភារកិច្ចរៀងៗ ដោយប្រកាន់ភ្ជាប់នូវវិន័យ ជំនាញវិជ្ជាជីវៈ និងកិច្ចសហការ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យអចលនវត្ថុនិងបញ្ចាំ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន៕
