Cam Bank News

អតីតសិស្សសាលា RULES ក្លាយជាអគ្គនាយកនៃធនាគារធំមួយនៅកម្ពុជា ARDB

ឯកឧត្តមបណ្ឌិត កៅ ថាច នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក.។ ជាមួយគ្នា ឯកឧត្តមក៏ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើអនុរដ្ឋលេខាធិការ និងធ្លាប់ជាមជ្ឍត្តករនៃក្រុមប្រឹក្សាអជ្ញាកណ្តាល ចាប់តាំងពីឆ្នាំ២០០៣។

មុនទទួលបានតំណែងជាន់ខ្ពស់មួយនេះ តើឯកឧត្តមបណ្ឌិត កៅ ថាច ធ្លាប់បានឆ្លងកាត់បទពិសោធន៍ការងារ និងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រយ៉ាងណាខ្លះ? មុនទទួលបានតំណែងដូចសព្វថ្ងៃ ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តមធ្លាប់បំពេញការងារជាអគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា មានឋានៈស្មើអនុរដ្ឋលេខាធិការ និងជាប្រធានការិយាល័យទីផ្សារហិរញ្ញវត្ថុ នៅនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការងារក្នុងផ្នែកច្បាប់ ឯកឧត្តមធ្លាប់ជាមន្ត្រីច្បាប់នៅក្រសួងយុត្តិធម៌ និងនៅតុលាការផងដែរ។

ឯកឧត្តមគឺជាសមាជិកក្រុមការងារក្នុងការរៀបចំបង្កើតគណៈកម្មការមូលបត្រកម្ពុជា និងទីផ្សារមូលបត្រនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមបានបំពេញការងារជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដែលរួមមាន ការចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងសេចក្តីព្រាងច្បាប់ស្តីពីការបោះផ្សាយ និងជួញដូរមូលបត្រមហាជន និងជាសមាជិកក្រុមការងារដែលទទួលបន្ទុករៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០០៦-២០១៥ និងឆ្នាំ២០១១-២០២០ ។

ក្នុងនាមជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមគឺជាសមាជិកក្រុមការងារក្របខ័ណ្ឌអាស៊ានពាក់ព័ន្ធនឹងការអភិវឌ្ឍទីផ្សារទុនដូចជា ACMF, ABMI, CMI, WG-FSL, WG-CAL ជាដើម។

ពាក់ព័ន្ធនឹងការសិក្សា ឯកឧត្តមទទួលបានបរិញ្ញាបត្រនីតិសាស្ត្រ ពីមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ១៩៩៨ និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រ ពីសាកលវិទ្យាល័យ BOND នៃប្រទេសអូស្ត្រាលីនៅឆ្នាំ២០០២ ដោយការសិក្សាក្នុងបរិញ្ញាបត្រជាន់ខ្ពស់នេះ ផ្តោតលើប្រព័ន្ធច្បាប់ពាណិជ្ជកម្មអន្តរជាតិ ក្របខ័ណ្ឌគតិយុត្តនៃអង្គការពាណិជ្ជកម្មពិភពលោក និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ក្នុងឆ្នាំ២០១៩ ឯកឧត្តមទទួលបានសញ្ញាបត្របណ្ឌិតផ្នែកពាណិជ្ជសាស្ត្រ (Doctor of Business Administration) ពី EU Business School ។ កាលនោះ និក្ខេបបទថ្នាក់បណ្ឌិតរបស់​ឯកឧត្តមគឺ ‍«ប្រែក្លាយធនាគារអភិវឌ្ឍន៍ជនបទ: ករណីសិក្សានៅប្រទេសកម្ពុជា» ៕

ប្រភព៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

Related Articles