Cam Bank News

អគ្គនាយកធនាគារ ARDB និងសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងដល់បងប្អូននាយទាហាន ខេត្តព្រះវិហារ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនជានាយ ទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៨នៃកងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនប្រាសាទព្រះវិហារ។

នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍រំលឹកជូនថា នេះគឺជាលើកទី៣ហើយ ដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមជាមួយសប្បុរសជនរួមមាន សហព័ន្ធស្រូវអង្ករ ដើម្បីផ្តល់ជូនបងប្អូន នៅសមរភូមិមុខនាំយកគ្រឿង ឧបភោគបរិភោគមាន ជាស្បៀង អាហារ អង្ករ និងសម្ភារៈមួយចំនួនទៀត ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូនបងប្អូន នៃកងពលតូចអន្តរាគមន៍លេខ៨នៃកងពលធំអន្តរាគមន៍លេខ៣ដែលឈរជើងការពារបូរណភាពទឹកដីសមរភូមិមុខតំបន់ប្រាសាទព្រះវិហារ បន្ទាប់ពីការចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាកាលពីឆ្នាំ២០២៤កន្លងទៅ។

សម្រាប់ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ នៃកងពលធំអន្តរាគមន៍លេខ៣ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហព័ន្ធស្រូវអង្ករ ព្រមទាំងសហការី ដែលតែងតែផ្សារភ្ជាប់ជាមួយនឹងការសួរសុខទុក្ខ ដល់នាយទាហាន ពលទាហានកំពុងឈរជើងនៅតំបន់ប្រាសាទព្រះវិហារ ។

បន្ទាប់ពីបានបញ្ចប់នូវពិធីសំណេះសំណាលជាមួយ និងការសួរសុខទុក្ខដល់នាយទាហាន និងនាយទាហានរងនៃកងពលធំអន្តរាគមន៍លេខ៣រួចមកឯកឧត្តមបណ្ឌិតប្រតិភូ បានអញ្ជើញចុះពិនិត្យមើលកន្លែងប្រមូលទិញ និងស្តុកដំឡូងមីមួយកន្លែង និងទីតាំងធ្វើកសិកម្ម របស់នាយទាហានស្ថិតនៅឃុំសាអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានផ្ទៃដី១៦០ហិកតាផងដែរ៕

Related Articles