អំឡុងនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលតំបន់អាស៊ាន កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី វត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងវត្តមានឯកឧត្តម Dato’ Seri Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដាក់ឲ្យដំណើរការជាផ្លូវការ នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី។

បើតាមធនាគារជាតិនៃកម្ពុជា បានឲ្យលើទំព័រហ្វែសប៊ុកផ្លូវការថា ការដាក់ឲ្យដំណើរការនេះ គឺនឹងពង្រីកលទ្ធភាពនៃការទូទាត់ឆ្លងដែនបន្ថែមទៀត សម្រាប់ប្រជាជនម៉ាឡេស៊ីដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយផ្តល់នូវបទពិសោធន៍ក្នុងការទូទាត់ឆ្លងដែនយ៉ាងឆាប់រហ័ស ប្រកបដោយភាពងាយស្រួល តាមរយៈការប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅប្រទេសម៉ាឡេស៊ី ដែលជាសមាជិកនៃគម្រោង ដើម្បីស្កេនខេអេខខ្យូអរកូតរបស់ពាណិជ្ជករកម្ពុជា។ លើសពីនេះ ពាណិជ្ជករក្នុងស្រុកទាំងនៅប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ីជាង ៧លាននាក់ នឹងមានលទ្ធភាពក្នុងការពង្រីកទីផ្សារបានកាន់តែទូលំទូលាយជាងមុន ដែលការណ៍នេះនឹងផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ៕
ក្នុងឱកាសនោះផងដែរ ធនាគារជាតិនៃកម្ពុជា ក៏បានចូលរួមចុះអនុស្សរណៈយោគយល់គ្នាបន្ថែមទី៤ ផងដែរស្តីពី កិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ (Regional Payment Connectivity-RPC) ខណៈគម្រោង RPC នេះត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ២០២២ ដោយធនាគារកណ្តាលប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ ក្នុងគោលបំណងសម្រួលការទូទាត់សងប្រាក់ឆ្លងដែនឱ្យបានកាន់តែលឿន តម្លៃសមរម្យ តម្លាភាព និងប្រកបដោយបរិយាបន្ន៕
