Cam Bank News

ធនាគារ វីង គាំទ្រសកម្មភាព​សុខមាលភាពសហគមន៍

ធនាគារ វីង រៀបចំកម្មវិធី​បរិច្ចាគ​ឈាម ពិព័រណ៍សុខភាព និងការដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលលំ​ហាត់​ប្រាណ​សម្រាប់​​​បុគ្គលិក។

ក្នុងឱកាសអបអរសាទរទិវាសុខភាពពិភពលោកឆ្នាំ ២០២៥ ធនាគារ វីង បានដឹកនាំបុគ្គលិកចូលរួមបរិច្ចាគឈាម ព្រមទាំងផ្តល់​ការពិគ្រោះ និង​ពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញនៅក្នុងពិព័រណ៍សុខភាព​ដោយ​ឥតគិតថ្លៃសេវា ហើយទន្ទឹមគ្នានេះ​ដែរ ក៏មាន​ការដាក់ឱ្យ​ដំណើរការនូវ​​មជ្ឈមណ្ឌលលំ​ហាត់ប្រាណដ៏ទំនើបសម្រាប់បុគ្គលិក ដែលស្ថិតក្នុងអគារធនាគារ វីងថៅវើ នៅចំកណ្តាលរាជធានីភ្នំពេញផងដែរ។

ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធនាគារ វីង បានរៀបចំកម្មវិធី​បរិច្ចាគឈាម ដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យចូលរួមជួយសង្គ្រោះអ្នកជំងឺដែលត្រូវការព្យាបាលបន្ទាន់។

បណ្ឌិត Dmytro Kolechko អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖ “ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិករបស់យើងដែលមានសមានចិត្តចូលរួមដើម្បីសុខុមាលភាពសហគមន៍។ គ្រប់ដំណក់ឈាមដែលបានបរិច្ចាគ គឺជាពន្លឺនៃក្តីសង្ឃឹមដែលផ្តល់ជីវិតថ្មីដល់អ្នកដែលកំពុងត្រូវការ។”

យោងតាមការ​ផ្សព្វផ្សាយរបស់​សារព័ត៌មានក្នុង​ស្រុក​កាលពី​ពេល​ថ្មីៗនេះ​បានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ​ មានអ្នក​ត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ រៀងរាល់៥នាទីម្ដង។ជាក់ស្តែងនៅតាមមន្ទីរពេទ្យរដ្ឋក្នុងរាជធានីភ្នំពេញត្រូវការឈាមចន្លោះពី ៣០០ ទៅ ៣៥០ ប្លោកជារៀងរាល់ថ្ងៃ ហើយតម្រូវការឈាមនៅទូទាំងប្រទេសកើនដល់ប្រមាណ ១៤៣.១៤៣ ប្លោកក្នុងមួយថ្ងៃ។ យ៉ាងណាមិញមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគូសបញ្ជាក់ថាការផ្គត់ផ្គង់នេះអាចបំពេញតម្រូវការបានតែ ៧៥%ប៉ុណ្ណោះ ហេតុដូច្នេះកម្មវិធី​បរិច្ចាគឈាម​ដែលធនាគារ វីង រៀបចំឡើងនាពេលនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់ក្នុងការសង្គ្រោះអាយុជីវិត។

ក្រៅពីជំរុញ​ការបរិច្ចាគឈាម​ ធនាគារ វីង ក៏បានរៀបចំពិព័រណ៍សុខភាព ដើម្បីផ្តល់ឱកាសដល់បុគ្គលិកទទួលបានការពិគ្រោះយោបល់ដោយផ្ទាល់ជាមួយក្រុមគ្រូពេទ្យជំនាញមកពីស្ថាប័នថែទាំសុខភាពឈានមុខគេជាច្រើននៅកម្ពុជា។

បណ្ឌិត Kolechko បន្ថែមថា៖ “ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាមទារឱ្យយើងធ្វើការងារ​ជាច្រើន ក៏ប៉ុន្តែការថែរក្សាសុខភាពរបស់យើងឱ្យល្អគឺជាកត្តាអាទិភាពមួយ​។​ តាមរយៈការតាមដានពិនិត្យសុខភាពជាប្រចាំ និងទទួលបាន​ការណែនាំពីអ្នកជំនាញ យើងអាចរកឃើញ ហើយអាចដោះស្រាយបញ្ហាសុខភាពបានទាន់ពេលវេលា​ ដើម្បីប្រាកដថាយើងមានសុខភាពរឹងមាំដើម្បី​ដោះស្រាយ​ការងា​ជាច្រើននៅក្នុងជីវិត។”

ការដាក់ឱ្យដំណើរការ​មជ្ឈមណ្ឌលលំ​ហាត់ប្រាណថ្មី

ជាផ្នែកមួយនៃចក្ខុវិស័យរបស់ខ្លួនក្នុងការបង្កើតបរិយាកាសការងារដែលមាន​ផាសុខ​ភាពសម្រាប់​បុគ្គលិក​ ធនាគារ វីង បានដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលលំ​ហាត់ប្រាណថ្មីនៅជាន់ទី៦នៃទីស្នាក់ការកណ្តាលរបស់ខ្លួន។ មជ្ឈមណ្ឌលលំ​ហាត់ប្រាណដ៏ទំនើបនេះ ផ្តល់ជូនបុគ្គលិកនូវការចូលហាត់ប្រាណដោយឥតគិតថ្លៃ ដោយ​បំពាក់នូវ​សម្ភារៈ​ប្រណីតៗ រួមជាមួយនឹងថ្នាក់យូហ្គាដ៏ស្រស់ស្រាយបន្ទាប់ពីបំពេញ​ការងារ​រួចរាល់​។

មជ្ឈមណ្ឌលហាត់ប្រាណនេះ ត្រូវបានរចនាឡើងដោយ​ផ្តោតលើ​​សោភ័ណភាព និងមុខងារជា​សំខាន់ៗ ដោយបានបំពាក់នូវម៉ាស៊ីនហាត់ប្រាណទំនើប ឧបករណ៍សម្រាប់​ហ្វឹកហាត់កម្លាំង និងស្ទូឌីយោយូហ្គាដ៏មនោរម្យ​​ដែល​អាចមើលឃើញទិដ្ឋភាពស្រស់ស្អាតនៃទីក្រុងភ្នំពេញថែមទៀតផង។

​មជ្ឈមណ្ឌលហាត់ប្រាណនេះមាន​នូវ​ទូសម្រាប់ទុកដាក់សម្ភារៈធំទូលាយ បន្ទប់ទឹកស្អាត និងកន្លែងសម្រាកដ៏កក់ក្ដៅ ទីនេះ​បានក្លាយ​ជា​កន្លែងហាត់ប្រាណដ៏ទាក់ទាញ។ ដោយមានពន្លឺធម្មជាតិជះចូលទៅក្នុងអគារគ្រប់គ្រាន់ ក៏ដូច​ជា​ពណ៌ស្រាលស្រទន់ អមដោយការតុបតែងប្រកបដោយ​ភាព​ទាក់ទាញ មជ្ឈ​មណ្ឌលនេះ​បាន​​ជំរុញលើកទឹកចិត្តបុគ្គលិកទាំងអស់ឱ្យ​គិតគូ​លើសុខភាពរបស់ពួកគេកាន់តែខ្លាំង​។

លើសពីកន្លែងធ្វើការ

អគារធនាគារ វីងថៅវើ ក៏មានការ​ផ្តល់ជូន​ជាច្រើនថែម​ទៀត​ ដែលជួយ​លើក​កម្ពស់​បរិយកាសការងារប្រចាំថ្ងៃរបស់​បុគ្គលិក​។ ទាំងនេះរួមមានហាងកាហ្វេ Coffee Hub ចំនួនពីរកន្លែង ដោយមានមួយនៅ​ជាន់ផ្ទាល់ដី និងមួយទៀតស្ថិតនៅជាន់ខាងលើ ព្រមទាំងមានអាហារដ្ឋានដែលផ្តល់ជូននូវអាហារឆ្ងាញ់ៗជាច្រើនជម្រើស ហើយមានតម្លៃសមរម្យ។

ជាន់នីមួយៗនៃអាគារនេះមានបន្ទប់ផ្ទះបាយ និងកន្លែងសម្រាក ដើម្បីផ្តល់នូវភាពងាយស្រួល និងផាសុកភាពសម្រាប់បុគ្គលិកទាំងអស់ពេញមួយថ្ងៃ។

ដោយបច្ចុប្បន្នមានបុគ្គលិកបម្រើការងារនៅទូទាំងប្រទេសជាង ៣.០០០នាក់ ដែលក្នុងនោះប្រហែល ៤០% គឺជាបុគ្គលិកស្ត្រី ធនាគារ វីង បានបង្កើតសហគមន៍ចម្រុះ និងប្រកបដោយថាមពល។

ធនាគារ វីង បានយកចិត្តទុកដាក់លើការវិនិយោគអភិវឌ្ឍសមត្ថភាពបុគ្គលិកតាមរយៈកម្មវិធីបណ្តុះ​បណ្តាលយ៉ាង​ទូលំទូលាយដែលមានគោលបំណងបំពាក់បំប៉នបុគ្គលិកនូវជំនាញដែលពួកគេត្រូវការដើម្បីទទួលបានភាពរីកចម្រើនប្រកបដោយវិជ្ជាជីវៈ។

ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ ធនាគារ វីង បានផ្តល់ការ​បណ្តុះបណ្តាលចំនួន ១១៥ វគ្គ​ ដែលជួយលើកកម្ពស់សមត្ថភាព បុគ្គលិកជិត២.០០០នាក់ ដើម្បីពង្រីកជំនាញរបស់ពួកគេ ក៏ដូចជាជំរុញឱ្យធនាគារ​​ វីង បន្តនូវភាពបានជោគជ័យដ៏រឹងមាំ៕

Related Articles